ជ្រើសរើសភាសា: Khmer Khmer English English
ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនូវចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០២៥

ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនូវចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
សូហ្វីតែលភ្នំពេញ៖ ថ្ងៃអង្គារ ១៣ កើត, ខែអាសាឍ, ឆ្នាំម្សាញ់, សប្តស័ក, ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២៥
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ នូវចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ “សមិទ្ធផល និង បទពិសោធ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ បានផ្តល់មេរៀន ដ៏មានតម្លៃ ជាច្រើនអនេក និង បានធ្វើឱ្យយើង រឹតតែជឿជាក់ លើភាពត្រឹមត្រូវ នៃទស្សនវិស័យ របស់យើង នោះគឺ៖ យើងត្រូវកែទម្រង់តាមសេចក្តីត្រូវការរបស់កម្ពុជា ក្នុងបរិបទសង្គមសេដ្ឋកិច្ច ស្ថាប័ន និងរដ្ឋបាលរបស់កម្ពុជា, ក្នុងភាពជាម្ចាស់របស់កម្ពុជា, និងជាពិសេស ក្នុងការទទួលខុសត្រូវ របស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិយើង ដោយខ្លួនឯង ។ យើងទទួលស្គាល់ថា ការកែទម្រង់ ជាការងារដ៏លំបាកស្មុគស្មាញ, ដោយម្ខាង យើងត្រូវជួបប្រទះបញ្ហាប្រឈមច្រើន, ទាំងផ្នែកផ្នត់គំនិត ឆន្ទៈ ភាពជាអ្នកដឹកនាំ ការប៉ះពាល់ផលប្រយោជន៍ សមត្ថភាព ធនធានមនុស្ស និងបញ្ហាបច្ចេកទេស ក៏ប៉ុន្តែម្ខាងទៀត យើង ត្រូវតែចាប់ផ្តើមធ្វើដោយមិនបង្អង់រង់ចាំទាល់តែមានសមត្ថភាព, ធនធាន និង មធ្យោបាយគ្រប់គ្រាន់នោះឡើយ, ក្នុងស្មារតី «ធ្វើបណ្តើរ, រៀនបណ្តើរ, និងកែលម្អបណ្តើរ»។”
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ជាពិសេស កម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ការកែទម្រង់លើរចនាសម្ព័ន្ធ និងការកែទម្រង់ដែលមាន លក្ខណៈជាប្រព័ន្ធដែលអាចចាត់ទុកជាកិច្ចការកែទម្រង់ គន្លឹះរបស់រាជរដ្ឋាភិបាលគឺ៖
១, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ២, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣, កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ៤, កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង៥, កម្មវិធីកែទម្រង់ច្បាប់។

ព័ត៌មានទាក់ទង